ពីក្មេងធ្លាបញ៉ាំនំពុម្ពស្នូលដូងនេះអត់? ក្មេងជំនាន់ក្រោយនេះប្រហែលមិនសូវបានសាកទេ តែបើជំនាន់ Admin វិញញ៉ាំស្ទើររាល់ថ្ងៃ ព្រោះវាថោក ហើយឆ្ងាញ់ ញ៉ាំឆាប់ឆ្អែតទៀត។ មកដល់ឥឡូវមិនសូវមានកន្លែងលក់ទេ បើចង់ញ៉ាំអាចមើលរូបមន្តខាងក្រោម ធ្វើញ៉ាំតាមបាន៖

គ្រឿងផ្សំ៖
- ម្សៅអង្ករ ៣៥០ ក្រាម
- ម្សៅមី ៣ស្លាបព្រាបាយ
- ស៊ុត ២ គ្រាប់
- ខ្ទិះដូង ១ ចានចង្កឹះ
- ស្ករស កន្លះចានចង្កឹះ
- សាច់ដូងកោស កន្លះចានចង្កឹះ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា
- ល្ងរ

វិធីធ្វើ៖
១. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន
២. យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា
៣. យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនឹងសាច់ដូងនិងល្ង
៤. កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០ នាទីសិន
៥. ១០ នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច។
