រូបមន្តធ្វើបាយស្រូបឆ្ងាញ់ ចង់ធ្វើលក់ក៏បាន ញ៉ាំខ្លួនឯងព្រឹកឡើងក៏បាន

រូបមន្តធ្វើបាយស្រូបឆ្ងាញ់

0
14375

ឃើញអត់មានត្រូវការគ្រឿងអីច្រើនមែន តែបើធ្វើមិនត្រូវបាយស្រូបយើងក៏អត់ឆ្ងាញ់ដែរណា។ ជាពិសេសសាច់ជ្រូក បើប្រឡាក់អត់ត្រូវគ្រឿង ដឹងតែបាយក៏ខុសរសជាតិទៅតាមហ្នឹងដែរ។ កុំភ័យចេះតែរូបមន្តខាងក្រោមនេះ ធានាថាបាយស្រូបដឹងតែចូលជាតិគ្នាឆ្ងាញ់ទាំងពងទា និង សាច់ហ្មង។

គ្រឿងផ្សំ៖

  • សាច់ជ្រូក
  • ខ្លាញ់ជ្រូក
  • ពងទា
  • បាយស
  • ខ្ញី
  • ស្លឹកខ្ទឹម
  • ការ៉ុត
  • ត្រសក់
  • ឆៃថាវ
  • ខ្ទឹមស
  • អំបិល ស្ករ ប៊ីចេង ម្សៅស៊ុប។

វិធីធ្វើ៖

១. យកសាច់បីជាន់ រឺ ណងក ជៀរវាជាបន្ទះៗលាងអោយស្អាត ចិតសំបកខ្ញីអោយស្អាត ស្លឹកខ្ទឹមយកតែគល់ទេ បុកអោយរាងម៉ដ្ឋ យកមកទុកប្រទ្បាក់ជាមួយសាច់ (កុំប្រទ្បាក់សាច់ប្រៃពេក) ដាក់គ្រឿងស្ករ អំបិល ប៊ីចេង លួចម្សៅស៊ុបបន្តិច ខ្ញីនឹងគល់ស្លឹកខ្ទឹមដែលយើងបានបុករួចហើយ ដាក់ចូលប្រទ្បាក់សាច់យើងផ្អាប់ទុកចោល​១០ ទៅ​ ១៥ ​នាទី ដើម្បីអោយវាចូលជាតិគ្នា ហើយយកមកចៀនរឺអាំងក៏បានតាមការចូលចិត្ត ។

២. ខ្លាញ់ជ្រូកយកមករំងាស់យកតែខ្លាញ់ ចាក់សាច់ជ្រូកចិញ្រ្ចាំយើងចូល រំលីងអោយឆ្អិន ទើបហាន់ស្លឹកខ្ទឹមបង់តាមក្រោយបិតភ្លើង។

៣. ពងទាអាចចៀន រឺ ក្រឡុក តាមការចូលចិត្ត (ក្រឡុកកុំដាក់គ្រឿងប្រៃពេក)។

៤. លាងបន្លែធ្វើជ្រក់អោយស្អាតហើយហាន់ស្តើងៗ ឆៃថាវចិតរួចយកមកច្របាច់អំបិលទុក ១០ ទៅ ១៥ នាទី បន្ទាប់យកវាមកលាងសំអាតលាងច្របាច់ៗអោយស្អាតស្រង់ដាក់ក្នុងកញ្រ្ចែងទុកមួយទ្បែក ការ៉ុតនឹងត្រសក់យកដាក់ចាន ដាក់ទឹកក្រូចឆ្មាចូលល្មម ដាក់ស្ករ ប៊ីចេង អំបិល ដាក់ខ្ទឹមស កូរអោយរលាយភ្លក្សមើលសិនថារសជាតិតាមយើងចង់បានហើយនៅ ទើបចាក់ ឆៃចាវ ការ៉ុត ត្រសក់ចូលគ្នាក្នុងចានដែកនឹងច្របល់ត្រលប់ៗទាល់តែទន់ជ្រក់ គ្រាន់តែច្របល់បានហើយកុំយកដៃទៅច្របាច់ រសជាតិវារាងដិតគ្រឿងបន្តិចទើបឆ្ងាញ់។