អ្នកណាខ្លះហ្វេនម្ជូរដូច admin ដែរ? ម៉ោង ១២ យប់ក៏ឡើងញ៉ាំដែរឲ្យតែមាននៅផ្ទះ។ តែទាស់តែខ្ជិលជិះទៅញ៉ាំហ្នឹងហ្មង ឥឡូវទើបរកអុស ប្រទះរូបមន្តជ្រក់ស្វាយខ្ចីស្រួយៗ ចាំធ្វើដាក់នៅផ្ទះទាំងឆ្នាំងៗ ទុកញ៉ាំឲ្យណាណីថ្ងៃឈប់ម្តង។
គ្រឿងផ្សំ៖
- ស្វាយខ្ចី (មិនទាន់ដាក់គ្រាប់) ៥ផ្លែ
- រ៉តឌី កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាបាយ
- ស្ករស ៥ ស្លាបព្រាបាយ
- ម្ទេសតាមចំណូលចិត្ត (ហាន់ ៣-៤ កំណាត់)
- ទឹកកក
វិធីធ្វើ៖
១. ស្វាយចិតសំបក (មិនចិតក៏បាន) ហើយលាងទឹកឲ្យស្អាត ពុះជា ២ រួចកាត់ជាកង់ៗទុកមួយអន្លើរ
២. ដាក់ដាំទឹកឲ្យពុះ បន្ទាប់មកចាក់ពីលើស្វាយកូរឲ្យសព្វរយះពេល ២ ទៅ ៣ នាទី
៣. ស្រង់ស្វាយដាក់ចូលក្នុងទឹកត្រជាក់ រួចដាក់ទឹកកកពីលើទុកឲ្យត្រជាក់ទើបស្រង់ចេញទុកឲ្យស្រស់ទឹក (ធ្វើបែបនេះទើបស្វាយស្រួយល្អ)
៤. បន្ទាប់ពីស្រស់ទឹកហើយ ដាក់រ៉តឌី អំបិល ស្ករស និងម្ទេសចូលកូរឲ្យសព្វ រួចទុកចោលរយះពេល១ម៉ោងដើម្បីឲ្យស្វាយចូលជាតិល្អ សឹមយកក្លាសេក្នុងទូរទឹកកកជាការស្រេច។
ប្រភព៖ ម្ហូបអាហារប្រចាំថ្ងៃ