ធ្លាប់ឮអត់ នំបាញ់អ៊ិច? បើ admin លើកទី១ហើយបានឮ បើញ៉ាំវិញអត់ដែលសោះហ្មង។ តែចង់បបួលគ្នាមកធ្វើញ៉ាំលេងម្តង ចង់ដឹងថារសជាតិយ៉ាងម៉េចវិញ តោះបើទំនេរសាកធ្វើញ៉ាំជាមួយគ្នាហ្អី!
គ្រឿងផ្សំ៖
គ្រឿងផ្សំធ្វើម្សៅ៖
- ម្សៅដំណើប កន្លះកញ្ចប់(ម្សៅថង់ស្រាប់)
- ស្ករស កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្លឹកចេក
គ្រឿងផ្សំធ្វើនំ៖
- សណ្តែកលឿង ១ កំប៉ុង
- ស្ករស កន្លះស្លាបព្រាបាយ
- ខ្ទិះដូង ១ កូនចានចង្កឹះ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹម
របៀបធ្វើស្នូលនំ៖
មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត រួចត្រាំវាចោលកន្លះម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច រំងាស់អោយរីងគោកទឹកល្អ ដាក់ទឹកខ្ទិះ ស្ករស ស្លឹកខ្ទឹម រំងាស់វាអោយដាច់ទឹកល្អ ទុកអោយត្រជាក់ ទើបយកមកពូនជាដុំតូចៗល្មម។
របៀបលាយម្សៅដំណើប៖
យកម្សៅដំណើបមកលាយជាមួយទឹកត្រជាក់ធម្មតា លាយបញ្ចូលគ្នារហូតដល់ម្សៅមិនស្អិតជាប់ដៃ បន្ទាប់យកមកលុញជាដុំមូលៗ ហើយសង្កត់អោយសំប៉ែតលើបាតដៃ រួចយកស្នូលដែរធ្វើរួចយកមកខ្ចប់ជាមួយម្សៅ យកទៅចំហ៊ុយ (យកប្រេងឆាលាបស្លឹកចេក ដើម្បីកុំអោយនំជាប់ស្លឹកចេកពេលយកទៅចំហ៊ុយ)។
របៀបធ្វើខ្ទិះស្រូបលើនំ៖
យកខ្ទិះ ស្ករ អំបិល លាយចូលគ្នាកូលើភ្លើង ថែមម្សៅពោតចូលហើយពេលខ្ទិះដូងពុះ ដាក់ស្លឹកខ្ទឹមចូលហើយជាស្រេច។